Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា
ការ​សិក្សា
ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា François Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)
នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថ​ពាស​ដែក​នៅ​សូមៀរ (Saumur) ប្រទេស​បារាំង
ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​១
នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១។បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥ ។
ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​២
ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃ​ទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅថ្ងៃទី​០៧​ ខែ តុលា​ ឆ្នាំ ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ
ព្រះរាជ​បូជនីយកិច្ច
ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះអង្គ​មាន​មហាជោគជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់ដ៍ សង​មក​ព្រះរាជអាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង
ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំងបញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជអាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។
ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ។
នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជអាណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា "​ព្រះ​មហាវីរបុរស​ជាតិ - ព្រះ​បិតា​ឯករាជ្យ​ជាតិ​"
ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖

យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុំមុយនីសទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរសម្រាប់ប្រទេសជាតិ។ ចំណែកពួកកុំមុយនីស គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ...
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរនៃរាជាណាចក្រកម្ពុជា។
រដ្ឋ​ប្រហារ
នៅថ្ងៃទី​ ១៨ មីនា ១៩៧០ ព្រះអង្គត្រុវសេនាប្រមុខ លន់​ ណុលធ្វើរដ្ឋប្រហារតំលាក់ព្រះអង្គចេញពីតំណែង​ ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក
ការសោយទីវង្គត
ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវរបិតាឯករាជជាតិ ទ្រង់បានសោយព្រះទីង្គតនៅថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសពរបស់ទ្រង់ត្រូវបានដង្ហែរពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី ១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែរព្រះបរមសពពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ មក ព្រះបរមរាជវាំង​កាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅ​ជាង ១ ២០០ ០០០ (មួយលាន​ពីរសែន) នាក់មកចាំដង្ហែរដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់នឹងដំកល់នៅព្រះបរមរាជវាំងយ៉ាងតិច ៣ ខែ។
អព្ភូតហេតុ
នៅយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១២ ប្រជាពលរដ្ឋ និង អ្នកសារពត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភក្ដរបស់ ព្រះអតីតព្រះបាទនរោត្ដម សីហនុ នៅក្នុងព្រះច័ន្ទ។

0 comments: